រឿង ក្មេងអ្នកលក់ផ្កា

511

ជារៀងរាល់ចុងខែមានអង្គការសប្បុរសធម៌មួយតែងតែចុះមកប្រមូលក្មេងៗលក់ផ្កា និងបោសជូតឡានតាមស្តុបទាំងឡាយអោយទៅបរិភោគអាហារឆ្ងាញ់ៗមួយពេល ព្រមទាំងមានកម្មវិធីអោយពួកគេលេងយ៉ាងសប្បាយ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺក្មេងប្រុសលក់ផ្កាម្នាក់តែងតែបដិសេធជានិច្ចរាល់ពេលដែលអង្គការនោះចុះមក ដែលផ្ទុយស្រឡះពីក្មេងដទៃទៀត ដែលពួកគេកំពុងតែសប្បាយរីករាយ។ ថ្ងៃមួយ អ្នកដែលចុះទៅប្រមូលក្មេងៗទាំងនោះបានសួរក្មេងប្រុសនោះថា
“ប្អូន ហេតុអ្វីបានជាប្អូនមិនព្រមចូលរួមជាមួយនឹងការនាំទៅញាំអាហាររបស់អង្គការយើង? ប្អូនខ្លាច? ឬប្អូនមិនចូលចិត្តបរិយាកាសនោះ?”

រំពេចនោះក្មេងប្រុសម្នាក់នោះបានញញឹម ហើយឆ្លើយថា “នរណាក៏ចូលចិត្តម្ហូបឆ្ងាញ់ បរិយាកាសសប្បាយដែរបង ប៉ុន្តែខ្ញុំមិនអាចយកការសប្បាយសម្រាប់ខ្លួនឯង ហើយធ្វើអោយជីដូនដ៏កំសត់របស់ខ្ញុំដេកចាំបាយឃ្លាននៅផ្ទះទេបង។ បើខ្ញុំចូលរួមជាមួយបង ខ្ញុំច្បាស់ជាឆ្អែតបាយមួយពេល តែខ្ញុំច្បាស់ជាគ្មានលុយទិញម្ហូបជូនជីដូនខ្ញុំទេ។”
និយាយចប់ក្មេងប្រុសនោះក៏បានបន្តដំណើរទៅមុខលក់ផ្កាទាំងទឹកមុខរីករាយ។

មិត្តអ្នកអានទាំងឡាយ មិនថារឿងនោះសប្បាយយ៉ាងណា អ្នករវល់យ៉ាងណា តែសូមកុំភ្លេចអ្នកមានគុណដែលតែងតែចាំមើលផ្លូវយើងអោយសោះ។ បើសិនជាអាចសូមឆ្លៀតពេលទៅលេងពួកគាត់អោយបានញឹកញាប់ផង។

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

SHARE