អាជ្ញាធរជាតិអប្សរាកំពុងបូមទឹកបញ្ចូលក្នុងស្រះប្រាសាទអង្គរវត្ត

131

ស្រះទឹកនៅប្រាសាទអង្គរវត្តគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលនិយមផ្តិតយករូបភាពកំពូលប្រាសាទអង្គរវត្តឆ្លុះជាមួយនឹងទឹក។ កម្ដៅថ្ងៃហួតហែងខ្លាំងនារដូវប្រាំងបានធ្វើឱ្យទឹកនៅក្នុងស្រះស្រកលឿន និងបាត់សោភណ្ឌភាពមួយផ្នែក។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះឱ្យទាន់ពេល អាជ្ញាធរជាតិអប្សរា បាននិងកំពុងបូមទឹកបញ្ចូលក្នុងស្រះនេះ។

Image may contain: one or more people, sky, outdoor and nature

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក កំពុងបូមទឹកពីកសិន្ធុប្រាសាទអង្គរវត្ត បញ្ចូលទៅក្នុងស្រះខាងត្បូង ឬស្រះប្រុស ដែលការងារនេះបានចាប់ផ្តើមពីថ្ងៃទី៣ ខែកុម្ភៈ ដែលពេលនេះការបញ្ចូលទឹកសម្រេចបានប្រមាណ ៣០ភាគរយ ស្មើនឹង ១៥០០ម៉ែត្រគូប។

Image may contain: sky, cloud, tree, outdoor, nature and water

តាមការពន្យល់បន្ថែមរបស់លោក ភឿន សុឃីម ស្រះប្រុសនៃប្រាសាទអង្គរវត្តមានទំហំ ៥០x៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន ៥០០០ម៉ែត្រគូប ហើយការងារនេះត្រូវប្រើពេលមួយសប្ដាហ៍ទៀត ដើម្បីបញ្ចូលទឹកឱ្យគ្រប់ទៅតាមបរិមាណត្រឹមត្រូវ។

Image may contain: one or more people, sky, outdoor, nature and water

តាមការបញ្ជាក់របស់លោក ភឿន សុឃីម ការបញ្ចូលទឹកនេះធ្វើឡើងតែស្រះប្រុសតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើង ឬស្រះស្រី ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរផងដែរនោះ អាជ្ញាធរជាតិអប្សរាមិនបានបញ្ចូលទេ ដោយទុកឱកាសឱ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ ធ្វើកំណាយបន្តទៀតក្នុងគម្រោងស្ដារឡើងវិញនៃរចនាសម្ព័ន្ធស្រះនេះ។

Image may contain: one or more people, sky, outdoor and nature

គួរបញ្ជាក់ថា ស្រះទឹកប្រាសាទអង្គរវត្ត គឺជាផ្នែកមួយសំខាន់ដែលភ្ញៀវទេសចរនិយមទស្សនាជាមួយនឹងរូបភាពកំពូលប្រាសាទអង្គរវត្ត ដែលឆ្លុះនៅក្នុងទឹក។ ភ្ញៀវទេសចរនិយមទស្សនានៅទីតាំងទាំងនេះនៅរាល់ថ្ងៃរះ និងថ្ងៃលិច៕

Image may contain: outdoor, nature and water

អត្ថបទ និងរូបភាព៖ អ៊ីសា រ៉ហ៊ីណី

ប្រភព៖ ក្រសួងវប្បធម៌

SHARE