បច្ចេកទេសល្អៗក្នុងការដាំដុះដើមប៉ាស្យុង ឬក្រូចវល្លិ

1933

១​.ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ

ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែង រហូតដល់រាប់ខែឯណោះ។

២.ការរៀបចំថ្នាលបណ្តុះកូន

រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា) រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។ ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។

៣.ការស្ទូងកូន

ក្រោយពីសាបគ្រាប់បាន១សប្តាហ៍ កូននឹងចេញពន្លក (ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក ៤ ទៅ ៦សន្លឹក ឬអាយុបាន ២សប្តាហ៍ ទៅ ១ខែ។ ចំពោះថង់ ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។

៤.ការរៀបចំរបង ឬទ្រើងសំរាប់វល្លិតោង

ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ ឬជាលួសសសៃរ ដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី​ ១-៤ម៉ែត្រ (ទាបពេកខ្វះពន្លឺ និង​ពិបាកប្រមូលផល និង​ខ្ពស់ពេក ពិបាកធ្វើទ្រើង និង​ពិបាកប្រមូលផល)។

៥.ស្រោចទឹក និង​ដាក់ជី

ធ្វើការស្រោចទឹក និង​ដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និង​ពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។​ ការដាក់ជីត្រូវកាប់ជំរៅ​ ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ ១.៥តឹក ទៅ ២តឹក ពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។

៦.ការតាក់តែងមែក

ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក ជាទូទៅអាចតាក់តែងមែក ឬវល្លិបាន​នៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់វិញ វល្លិដែលមានជំងឺ ឬវល្លិដែលដុះណែនពេក។

៧.ការប្រមូលផល

អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី ​៥-៧ឆ្នាំ តាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបាន គឺពណ៏ស្វាយក្រហម ឬសំបកផ្លែរាងជ្រួញបន្តិច៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE