១.ការរៀបចំដី និងការលើករង
គេដាំសណ្តែកនៅលើដី ដែលមានទំហំ ២១ម៉ែត្រការ៉េ។ មុនដាំត្រូវភ្ជួរដីហាលរយៈពេល ៧ ទៅ ១០ថ្ងៃ បន្ទាប់មកត្រូវរាស់យកស្មៅចេញ ហើយលើកជារង ដោយរងនីមួយៗមានទទឹង ១ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី និងចន្លោះពីរងមួយទៅរងមួយមានប្រវែង ៣តឹក។ នៅលើរងត្រូវយកជីកំប៉ុស្តពុកផុយមកជ្រុំដាក់ក្នុងបរិមាណមួយអំរែកក្នុងមួយរង ដោយច្របល់បញ្ចូលគ្នាឲ្យសព្វនៅលើរងនិមួយៗ។ ដាក់ដាំ២ជួរ ដែលចន្លោះពីជួរមួយទៅមួយ ៧,៥ តឹក។
២.វិធីដាំ
យើងត្រូវយកអង្រែបុកដាំជំរៅពីរថ្នាំងដៃ រួចដាក់ជីកំប៉ុស្តមួយក្តាប់ បន្ទាប់មកយកគ្រាប់សណ្តែកទៅដាក់ដាំ២គ្រាប់ ក្នុងមួយរណ្តៅ ទើបលុបដីសើៗពីលើគ្រាប់ (ចន្លោះពីរណ្តៅមួយទៅមួយ ៣តឹក)។
៣.ការថែទាំ
នៅពេលសណ្តែកដុះបានស្លឹក២ ត្រូវបំបែកកូនទុកតែ ១ដើម ក្នុងមួយរណ្តៅ។ បន្ទាប់ពីដាំហើយ ត្រូវ យកចំបើងមកគ្របពីលើរង ហើយស្រោចទឹកឲ្យជោគ។ ការគ្របរងនេះគឺដើម្បីរក្សាសំណើម ក៏ដូចការពារកុំឲ្យដីខ្ទាតត្រូវស្លឹកនៅពេលមានភ្លៀង និងអាចការពារដីមិនឲ្យហាប់ទៀតផង។ នៅពេលសណ្តែកអាយុបាន ១៥ ទៅ ២០ថ្ងៃ ឫសណ្តែកលាស់បានសន្លឹក ៤ ទៅ ៥សន្លឹក ត្រូវរៀបចំដោតទ្រើង ដែលមានកំពស់ ២,៥ ទៅ ៣ម៉ែត្រ ឲ្យសណ្តែកវារឡើងទ្រើង។
ក្រោយពីដាំហើយ ត្រូវស្រោចទឹក ១ថ្ងៃ ពីរដង (ពេលអត់ភ្លៀង) ត្រូវស្រោចទឹកទៀងទាត់នៅពេលសណ្តែកកំពុងចេញផ្កា និងចេញផ្លែ ព្រោះបើទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសណ្តែកកួរអាចជ្រុះផ្កា និងជ្រុះផ្លែ ពេលសណ្តែកអាយុបានពី ១៥ ទៅ ២០ថ្ងៃ យើងត្រូវប្រើជីកំប៉ុស្តពុកផុយទៅលាយជាមួយទឹកស្រោចទៅលើសណ្តែកនៅរាល់ពេល ១សប្តាហ៍ម្តងហើយបន្តប្រើរហូតដល់សណ្តែកប្រមូលផល ពិនិត្យមើលជាប្រចាំបើមានសណ្តែកណាបោះទងផុតពីទ្រើង ត្រូវកាត់ចេញ និងត្រូវបេះស្លឹកចាស់ៗចោលខ្លះ។
៤.ការប្រមូលផល
ក្រោយពីដាំសណ្តែកកួរបានអាយុ ៥៥ ទៅ ៧៥ថ្ងៃ យើងចាប់ផ្តើមប្រមូលផល។ ការប្រមូលផលលើកទី១ គេអាចប្រមូលបានប្រមាណ ១០ ទៅ ២០គីឡូក្រាម។ ការប្រមូលផលលើកទី២ និងទី៣ធ្វើឡើងរាល់ ២ទៅ ៤ថ្ងៃម្តង។ បន្ទាប់ពីការប្រមូលផលលើកទី២ ត្រូវដាក់ជី និងស្រោចទឹកគ្របគល់ដើម្បីអោយសណ្តែកផ្លែបន្តរហូតដល់ការប្រមូលផលចប់ (ពីដាំរហូតដល់អស់ផ្លែ គេបេះសណ្តែកបានចំនួន ១៨សា)។ សរុបទិន្នផលទាំង១៨សា បានប្រមាណ ៥០គីឡូក្រាម (១៦រង)។
៥.ការរក្សាទុកពូជ
ដើម្បីឲ្យផ្លែដុះលូតលាស់បានល្អ កួរវែង ថ្លោស ពណ៌ល្អ (មិនមានសត្វល្អិតទិចសំបក) យើងត្រូវជ្រើសរើសសណ្តែកសំរាប់ទុកធ្វើពូជពេលផ្លែសាទី២។ ចំពោះផ្លែដែលរក្សាទុកពូជ គឺមិនរក្សាទុកឲ្យទុំរហូតដល់ស្ងួតនោះទេ គឺនៅពេលផ្លែចាស់ត្រូវបេះយកទៅហាលថ្ងៃឲ្យស្ងួត រួចយកទៅច្រកក្នុងដបដោយមានដាក់ធ្យូង និងស្លឹកគ្រៃហាលស្ងួតចូលទៅក្នុងកែវ។ ការធ្វើបែបនេះដើម្បីការពារសត្វល្អិត និងកាត់បន្ថយសំណើមរបស់គ្រាប់ពូជ។
សរុបមកចំនុចសំខាន់ៗក្នុងការដាំសណ្តែកកួរមាន៖
-ភ្ជួរដីហាលដើម្បីឲ្យដីស្រស់ទឹកល្អ និងសម្លាប់មេរោគនៅក្នុងដីលើករង និងដាំពីរជួរនៅលើរងដោយចន្លោះពីជួរមួយទៅមួយ ៧,៥ តឹក
-ប្រើចំបើង ឬស្លឹកឈើដើម្បីគ្របរងការពារកំដៅថ្ងៃខ្លាំង
-ថែទាំ ស្រោចទឹក ជ្រុំគល់ ដាក់ជី និងដោតទ្រើងឲ្យសណ្តែកវារឡើងនិងបេះស្លឹកចាស់ៗចោលខ្លះ
-ពេលមានការបំផ្លាញពីដង្កូវយើងត្រូវចាប់ដោយដៃបេះចោល
-បន្តថែទាំស្រោចទឹកដាក់ជី និងគ្របគល់ក្រោយពីប្រមូលផលលើកទី១
-ប្រើប្រាស់ជីកំប៉ុស្តពុកផុយល្អ
-ទុកតែ ១ដើមក្នុងមួយគុម្ព៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត