វិធីដាំដាំល្ហុងឱ្យបានផ្លែច្រើន និងមានដើមទាប

1850

១.ការបន្ត​ពូជ​ និងការជ្រើស​រើស​​ពូជ

-ដំណាំ​​ល្ហុង​​បន្ត​ពូជ​​ដោយគ្រាប់

-​ជ្រើស​រើស​​ផ្លែ​ល្ហុង​​ណា​ដែលទុំ ​ឬ​ស្រគាល (​មិនមែន​​ទុំ​ជោរពេកទេ) មកពុះ​យកគ្រាប់​លាង​ទឹក​ឱ្យ​អស់​រំអិល។ បើ​​មិនយកទៅបណ្តុះ​ភ្លាមទេ ត្រូវ​​យក​គ្រាប់ទៅ​​សំដិល​​ហាល​ថ្ងៃ ឬ​ខ្យល់​​ឱ្យស្ងួត​​សិន ទើប​រក្សាទុក។គ្រាប់​ល្ហុង​អាច​រក្សា​​ទុកបាន​រយៈ​ពេល ​​២​ ទៅ ​៣​ខែ ។​

២.បណ្តុះ​​កូន​

ដំណាំ​ល្ហុង​ អាច​ដាំ​ដោយ​​បណ្តុះ​​កូនជា​មុន​ ឬ​ក៏​អាច​​ដាំ​ផ្ទាល់​តែម្តង​ក៏បាន ​អាច​បណ្តុះ​​​កូន​ក្នុង​ថង់​​ប្លាស្ទិក ផើង ឬ​​ថ្នាល​ក៏​បាន។ ​​ដី​ដែលបណ្តុះ​​ គឺជា​ដី​​មាន​ជីជាតិច្រើន។ ក្រោយ​ពីដាក់គ្រាប់​​បណ្តុះ​​ហើយ ត្រូវ​​លុប​ដី​សើរៗ ពីលើ​​ឱ្យស្តើង​បំផុត ដើម្បី​ឱ្យ​គ្រាប់​ឆាប់​​ដុះ ។​ នៅពេល​​គ្រាប់ដុះ ត្រូវ​​ដករំលោះ​កូន​ចេញ​ខ្លះ ទុកតែ​​ដើម​ណា ​ដែល​រឹង​មាំ​ល្អ។ លុះ​ដល់​​កូន​ដុះ​បាន​កំពស់​​១​ទៅ​២​តឹក (ស្លឹក​​៥-៦​ធាង) ទើបគាស់​យកទៅ​ដាំ​នៅ​ចំការ។នៅ​ចំការ ​​ ​ត្រូវ​រក្សា​​ទុកដើម​ល្ហុង​ឈ្មោល​ខ្លះ ​គឺ​យ៉ាង​តិច​​​បំផុត​​ក្នុង​ចំណោម​​ល្ហុង​ពី​​២៥​ដើម ក៏​មានល្ហុង​​ឈ្មោល​​មួយដើមដែរ ។

៣.របៀប​រៀបចំ​ដី​ដាំ​

កាប់​រណ្តៅ​ ដែល​មាន​ទំហំ​កន្លះ​ម៉ែត្រ​​បួនជ្រុង ចំងាយពី​រណ្តៅ​​មួយទៅ​មួយពី​​ ២,៥ ទៅ ៣ម៉ែត្រ។ កាយដីក្នុង​រណ្តៅ​​ដាក់មាត់​រណ្តៅ។ ក្នុង​រណ្តៅ​ដាក់ជីលាមក​​គោស្ងួត ស្មៅស្ងួត ដោយច្របល់​ជា​មួយដី​ឱ្យបាន​កន្លះ​រណ្តៅ។ ​យក​​អំបែង​​ក្បឿង​បន្ទះ​ប៉ុន​​បាត​ដៃ ឬ​​១តឹក​បួន​ជ្រុង ​​ដាក់​ឱ្យ​ចំ​កណ្តាល​រណ្តៅ។ ​​​​បន្ថែម​​ជី និង​ដីទៀត​​រហូត​ដល់​​ពេញ​រណ្តៅ ។​

៤.របៀបដាំ​

មុន​​ដាំ​ត្រូវ​​កាប់ដី​ ឬ​ភ្ជួរ​ហាល​​ចោល​ពី ​​៥​ ទៅ​ ៧​​ថ្ងៃ ដើម្បី​​ឱ្យ​ដី​​ស្រស់​​ទឹក​ល្អ។ កាប់​រណ្តៅ​ ​ដែល​មាន​ទំហំ​កន្លះ​ម៉ែត្របួនជ្រុង និង​​រណ្តៅ​ឃ្លាត​​ពីគ្នា​​ ៣ម៉ែត្រ​​មួយ។ ក្នុង​រណ្តៅ​​ ត្រូវ​​ដាក់ជី​កំប៉ុស្ត ឬ​ជីលា​មក​​សត្វ​បន្ថែម​។ ច្របល់​​ជាមួយ​​ដី​ឱ្យសព្វ ទើបដាក់​កូន​ដាំ។

​ជ្រើសរើស​​យកកូនល្ហុង ​ដែលបាន​ត្រៀម​​​ទុក ដោយ​​យកតែ​កូនណាដែល​ថ្លោស​​ល្អ​មកដាំ។ នៅពេលដាំ លៃ​យ៉ាង​ណា​ឱ្យ​ឫស​​ល្ហុង​នៅ​ចំពី​លើ​អំបែង​​ក្បឿង​នោះ​ ​កុំ​ឱ្យ​កូន​​ល្ហុង​បាក់​ដើម ឬ​​ដាច់​ឫស។ ក្រោយ​ពី​​ដាំហើយ ត្រូវ​សង្កត់​​ដី​ជុំវិញ​កូនល្ហុង​​ឱ្យណែន រួច​ស្រោច​ទឹក​​ឱ្យជោគ។ ក្រោយ​ពី​ដាំ​​បាន​រយៈ​ពេល​​​ ៥ ​ទៅ​ ៦​ថ្ងៃ ​កូនល្ហុង​​អាច​ដុះ​​ឫស ពង្រឹង​​ដើមបានខ្លះ។ ​ក្នុងអំឡុង​ពេលនេះ ​ប្រសិន​បើ​គ្មាន​​ភ្លៀង ​ត្រូវប្រញាប់​​ស្រោច​ទឹក​ ដើម្បីកុំ​ឱ្យ​​កូនល្ហុងក្រិន ។​

៥.មូលហេតុ​នៃការ​អំបែង​​ក្បឿងកណ្តាលរណ្តៅ៖

​​ដាំ​ល្ហុង​​ដោយ​ដាក់​ឫស​​កែវ​ចំ​អំបែង​ក្បឿង ជួយ​ឱ្យ​ឫស​កែវក្រិន ​ហាក់​បី​ដូច​ជា​បាន​​គ្រៀវ​ឫស​នោះដែរ បើ​កូនល្ហុង​នោះជា​ល្ហុង​​​ឈ្មោល ក៏​ក្លាយ​ជា​ល្ហុង​​ញី​ដែរ។ ផ្ទុយ​​ទៅវិញ ​ប្រសិនបើ​ទុក​​ឱ្យ​ឫស​​កែវ​ចាក់ចុះ​ទៅ ក្នុង​ដីជ្រៅ ធ្វើ​ឱ្យ​​​ដើម​ខ្ពស់​​​ពេល​មាន​ផ្លែ ឬ​ខ្យល់​​ដើម​នឹង​រលំបាក់

ការកាប់​រណ្តៅ​ធំ ​ដាក់​ជី​ធម្ម​​ជាតិ​ ច្រើន​ជួយ​ឱ្យ​​ល្ហុង​ដុះ​លឿន មានដើម​ថ្លោស និង​ឆាប់​ផ្តល់​​​​ផល​។ នៅពេលដែល​​ដើម​ល្ហុង​​មានផ្លែ​ច្រើន ត្រូវ​បេះ​​ផ្លែដែលមិនសូវល្អ​ចោល​ខ្លះ ដើម្បី​ឱ្យ​ផ្លែ​​​ដែលនៅសល់​ធំៗ​ល្អ។ ការ​ដាំ​ល្ហុង​​​ឱ្យ​មាន​​ដើម​ទាប និង​ផ្លែ​ច្រើន​នេះ គឺ​ដោយ​សារ​ ដាក់​អំបែង​​ក្បឿង​​ឱ្យ​​ចំឫស​កែវ កាប់រណ្តៅ​​ឱ្យ​ធំ​ដាក់​ជី​ធម្ម​ជាតិ​ និង​បេះ​​ផ្លែ​​ចោល​ខ្លះ ​ដើម្បី​ឱ្យ​ផ្លែ​​នៅសល់​ធំៗ​ ។

៦.ពេល​វេលា​ដាំ​៖ ​អាច​​ដាំ​ដំណាំ​ល្ហុង​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​​ភាគច្រើន ​​គេនិយម​ដាំ​ដើម​​រដូវ​ភ្លៀង និង​ចុង​​រដូវ​ភ្លៀង ​ពិសេស​ចៀស​វាង​កុំ​ឱ្យ​កូន​​ល្ហុង​​ទទួល​ការ​​ជាំ​ទឹក​បាន ។​

៧.វិធី​ថែទាំ​

ស្រោច​ទឹក ដាក់​ជី​បំប៉ន ​ពូន​គល់ និង​​ជំរះ​ស្មៅ ។ល។​

ការ​ស្រោច​ទឹក ៖ ក្រោយពីកូនល្ហុង​ដុះ​លូត​លាស់​ល្អហើយ ត្រូវ​បន្ត​ការ​ស្រោចទឹក​​ទៀត។ សេចក្តីត្រូវការ​ទឹក​របស់វា អាស្រ័យ​​ទៅ​តាម​​អាយុ​​ និងអាកាស​ធាតុ។ នៅរដូវ​វស្សា មិន​ចាំបាច់​​ស្រោចទឹក​ទេ ព្រោះ​ល្ហុង​មិន​ត្រូវ​ការ​ដី​​ជាំ​ទឹក​ទេ។ ​នៅ​រដូវ​​ប្រាំង ​គួរ​ស្រោច​​ទឹក​៥​ថ្ងៃ​ម្តង ​ចំពោះដើម​ល្ហុង​​ណា​ដែល​ផ្តល់​​ផ្លែ។ ប្រសិនបើ​​ទឹកពុំ​គ្រប់​គ្រាន់ ក្នុង​រយៈ​ពេល​​នេះ អាចធ្វើ​ឱ្យផ្លែ​​ល្ហុងតូចៗ​ ដើម​រៀវ​តូច និង​ផ្លែ​តិច ។​

ការដាក់​ជី​៖ ការ​ដាក់​ជី​យើ​ងអាច​​ដាក់​នៅ​ពេលដាំ និង​ដាក់​ជីបំប៉ន​។ សេចក្តី​ត្រូវ​​ការជី​នៃ​ដំណាំ​​ល្ហុង អាស្រ័យ​​ទៅ​តាម​អាយុ​របស់​វា។ ល្ហុង​​អាយុកាន់​តែ​ច្រើន ​សេចក្តី​ត្រូវ​ការ​ជី​កាន់​តែ​ច្រើន​​ដែរ។ វិធី​ដាក់ជី ​គេ​ច្រើន​​ដាក់​នៅ​ជុំវិញ ទំហំស្លឹក ឬ​ក្បែ​រគល់ ​ក្រោយ​ពី​ដាក់ហើយ ​ត្រូវលប់​​ដីភ្លាម ​ហើយស្រោច​ទឹក​​ឱ្យ​ជោក សំខាន់​បំផុត នៅពេលល្ហុង​លូត​ធំ ត្រូវ​​ពូន​ជុំ​វិញ​គល់​បន្ថែម​​​ដោយ​ប្រើ​ដីមានជីជា​តិ ឬ​​ជី​កំប៉ុស្ត ។

ការ​ពូន​គល់ ៖ត្រូវធ្វើ​​ជាប់ជា​និច្ច ​លៃយ៉ាង​ណា​​កុំ​ឱ្យ​ឃើញ​​មានឫ​សចេញ​​មក​ខាង​លើ​ផ្ទៃ​​ដី។ ការពូន​របៀប​នេះ ធ្វើ​ឱ្យ​ឫស​​ដែលដុះ​​ចេញ​មក​​អាច​ស្រូប​យក​ជីជាតិ និង​ទឹកបាន​គ្រប់គ្រាន់​ល្អ ។

៨.ការ​ប្រមូល​ផល​

អាច​​ប្រមូល​ផល​ដំណាំ​ល្ហុង​​បាន​ចាប់​ពី​​អាយុ​​៧​​ទៅ​៨ខែ​​ឡើងទៅ។ ពេលល្ហុង​ចាប់​ផ្តើម​​ផ្កា​ផ្លែ អាច​បេះ​រហូត​ពេញ​មួយឆ្នាំ។ ល្ហុងឱ្យ​ផល​​ច្រើន​នៅ​ពេល​​មាន​អាយុ​ពី ​២​ ទៅ​ ៣​​ឆ្នាំ

ចាប់​ពី​អាយុ​​ ៤ ​ទៅ ​​៥​ឆ្នាំ ដើម​របស់​វា​​ចាប់លូតលាស់​​ខ្សោយ​ ផ្កា​​ផ្លែ​ក៏​ចុះ​ថយ​ដែរ

វិធី​​បេះ ​គឺ​ត្រូវ​​កាត់​ផ្លែ​​​នៅ​ទង​សណ្តង់​ឱ្យ​កៀក​ជិត​​ដើម​ រួច​សឹម​​កាត់ទង​ ដែលសល់​វែង​​នោះចោល។ ​វិធី​ប្រមូល​​ផលបែបនេះ ទើបត្រូវ​តាម​ក្បួន​ខ្នាត​៕

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

SHARE