វិធីក្នុងការដាំដំណាំម្ទេស ទទួលបានលទ្ធផលល្អ

2192

១.​ការរៀបចំ​ដី និង​ការ​សាប​គ្រាប់​៖ មុន​ដាំយើងត្រូវ​រៀប​ថ្នាល​សាប​កូន​លើ​ផ្ទៃដី ៦ម៉ែត្រការ៉េ។ នៅលើ​ថ្នាលយើងត្រូវ​ជ្រុំ​កាប់​បំផុសដី និង​ដាក់​ជីលា​មក​គោ​ចំនួន ២ប​ង្គី កប់​ចូលក្នុង​ថ្នាល។ ​យក​គ្រាប់ពូជ​ទិញ​ពី​ផ្សារ​ចំនួន ១ខាំ ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ រយៈពេល ២​ម៉ោង ទើប​យក​ទៅ​សាប​នៅ​ថ្នាល។ ក្រោយ​ពី​សាបត្រូវ​កាត់​កំទេច​ចំបើង​គ្របពី​លើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ។​

២.​ការរៀបចំ​ដី​ដាំ​កូន​ម្ទេស និង​ការដាំ​កូន​៖ ​ត្រូវ​ភ្ជួរ​រាស់​ដី​ឲ្យ​ម៉ដ្ឋ​ល្មម រួច​កាប់​រណ្តៅ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥តឹក និង​ចន្លោះ​ជួរ ៥តឹក។ នៅក្នុង​រណ្តៅ​នីមួយៗ ត្រូវ​​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ដាក់​ទ្រាប់​បាត​រណ្តៅ។ មុន​នឹង​ដក​ស្ទូងត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​នៅលើ​ថ្នាល ​ដើម្បី​ងាយស្រួល​ដក​កុំឲ្យ​ដាច់​ឫស។ ក្នុងមួយរណ្តៅ ដាក់​ដាំ​កូន​ម្ទេស ១ដើម ដោយ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ។ ក្រោយ​ពី​ដាំ​កូន​ហើយ ​កាត់​ចំបើង​ធ្វើ​គម្រប រួច​ស្រោច​ទឹក​ឲ្យ​ជោគ។​

៣.​ការថែទាំ​៖ ​ក្រោយ​ពី​ស្ទូង​ហើយត្រូវ​ស្រោច​ទឹក ១ថ្ងៃ ២ដង។ ក្រោយ​ពី​កូន​ម្ទេស​ដុះ​រឹង​ប៉ឹង ស្មៅ​ចាប់ផ្តើម​ដុះ ​យើងត្រូវ​ធ្វើការ​ជ្រុំដី​ដក​ស្មៅ ដើម្បី​បំផុសដី​ឲ្យមាន​ខ្យល់​ចេញចូលទឹក​ជ្រាប​បានល្អ។ ក្នុង​ការដាំ​ម្ទេស​នេះ ត្រូវ​ជួបប្រទះ​នូវ​ការបំផ្លាញ​ពី​ស្រមោច​ដែល​រោម​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ​ស្លឹក យើងត្រូវ​កំចាត់​វា​ដោយ​រោយ​ផេះ​នៅតាម​គល់។ នៅពេល​ម្ទេស​ជិត​ចេញ​ផ្កា ត្រូវដាក់​ជីកំប៉ុស្តក​ប់ចូល​ដី​នៅ​ក្បែរ​គល់។ ការ​គ្រប​គល់​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ។​

៤.​ការប្រមូល​ផល​៖ ​​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤ខែ យើងចាប់​ប្រមូល​ផល ដោយ​បេះ​តែ​ផ្លែ​ទុំ​ល្អ ឬក្រហម​ព្រឿងៗ។ ការ​បេះ​ផ្លែ​ធ្វើឡើង​រយៈពេល ១អាទិត្យ​ម្តង។ ​ក្នុង​ការដាំ​ម្ទេស​នេះ យើង​ចំណាយ​តែ​លើ​ការទិញ​ពូជ​តែ​ម្តង​ប៉ុណ្ណោះ ការដាំ​ក្រោយៗទៀត យើងត្រូវ​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង។​

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន៖

-រៀបចំ​ថ្នាល​បណ្តុះ​គ្រាប់​ម្ទេស​ដោយប្រើ​ជីលា​មក​សត្វ​ពុកផុយ​

-ត្រាំ​គ្រាប់​ម្ទេស​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​យក​ទៅ​សាប​នៅ​ថ្នាល​

-កាប់​រណ្តៅ​ដាំ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥តឹក និង​ចន្លោះ​ជួរ ៥តឹក ដោយ​ប្រើ​ជីលា​មក​គោ​ដាក់​ទ្រាប់​បាត​រណ្តៅ​

-ដក​កូន​ម្ទេស​ដែល​មាន​កំពស់ ១តឹក និង​មាន​ដើម​រឹងមាំ ឬដើម​ថ្លោស​យក​មក​ដាំ​

-ថែទាំ​ស្រោច​ទឹក និង​ជ្រុំ​បំផុ​សដី ដកស្មៅ​ចោល​

-កំចាត់​ស្រមោច​រោម​ត្រួយ ​ដោយ​ប្រើ​ផេះ​ចង្ក្រាន​បាច​គល់​ម្ទេស​

-ដាក់​ជីកំប៉ុស្ត​បំប៉ន គ្រប​គល់​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE