វិធីផលិតចំណីមាន់ទា ជ្រូកដោយខ្លួនឯង បានលទ្ធផលល្អ និងកាត់បន្ថយចំណាយមួយចំណែកលើចំណីទិញពីរោងចក្រ

2664

សម្រាប់អ្នកចិញ្ចឹមសត្វដូចជា មាន់ ទា ជ្រូក ជាដើម តែងតែជួបប្រទះនូវបញ្ហាលំបាក ក្នុងការផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ដល់សត្វដែលគេកំពុងចិញ្ចឹម។ ជាពិសេសអ្នកចិញ្ចឹមមាន់ ទា ជ្រូក សព្វថ្ងៃស្ទើរតែមិនអាចរកចំណេញបានពីការចិញ្ចឹមសត្វទាំងនោះឡើយ ពីព្រោះតម្លៃវត្ថុធាតុដើមសម្រាប់ផ្សំចំណីមានតម្លៃថ្លៃ ចំណីដែលបានផលិតពីរោងចក្រមានតម្លៃខ្ពស់ទាំងនេះ គឺជាការលំបាកមួយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វ ។

ប្រទេសខ្លះទៀតក៏ជួបបញ្ហាដូចគ្នានេះដែរ ចំណែកដំណោះស្រាយវិញ គឺដំបូងយើងត្រូវរកវិធីដែលអាចផ្គត់ផ្គង់ចំណីឱ្យបានល្អប្រសើរសិន គឺលៃយ៉ាងណាឱ្យការចំណាយទៅលើចំណីនោះអស់តិច តែត្រូវមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងចំណីផលិតច្រកបាវលក់ចេញពីរោងចក្រដែរ ។

យើងខ្ញុំសូមណែនាំពីការប្រើប្រាស់ចំណីប្រភេទខ្លះដែលយើងអាចរកបាន និងផលិតបានដោយខ្លួនឯងមកបង្ហាញ ចំណីទាំងនោះត្រូវបានឆ្លងកាត់ការសាកល្បង និងទទួលបានលទ្ធផលយ៉ាងល្អ ហើយងាយរកបាននៅក្នុងប្រទេសយើងទៀតផង ។

* ឃ្លោក ជាដំណាំងាយដាំ ត្រូវបានគេប្រើសម្រាប់ឱ្យមាន់ ទាស៊ី
-កាប់វាជាដុំតូចៗ ស្ងោរវាឱ្យឆ្អិន។ ពេលស្ងោរដាក់ខ្លាញ់បន្តិច រួចទុកឱ្យត្រជាក់ ដួសដាក់លើរានមួយឱ្យមាន់ អាចឱ្យទាស៊ីបានដូចគ្នា (ននោងក៏អាចប្រើការបាន) ។

* ល្ពៅ
-កាត់ជាដុំតូចៗ រួចស្ងោរទុកឱ្យត្រជាក់ដាក់ឱ្យមេមាន់ ឬកូនមាន់ស៊ីក៏បាន (ទា និងជ្រូក ក៏អាចឱ្យស៊ីបានដែរ)។ ល្ពៅមានចំនួនប្រូតេអ៊ីនច្រើនដូចគ្នានឹងពោត ឬដំឡូងឈើដែរ ថែមទាំងមានជាតិប្រេងក្នុងនោះរួចជាស្រេចផង ។

* ត្រាវ
– កាត់ត្រាវជាដុំតូចៗ ហាលឱ្យស្ងួត រួចកិនឱ្យម៉ដ្ឋ។ ត្រូវបានប្រើជំនួសពោត និងអង្ករ ឬកន្ទក់
– អាចលាយម្សៅត្រាវនេះចំនួន 15% ក្នុងចំណីមាន់ដែលមានអាយុពី ១ថ្ងៃ ដល់១ខែ
-ត្រាវត្រូវបានប្រើសម្រាប់លាយបន្ថែមជាមួយវត្ថុធាតុដើមផ្សេងៗទៀត ដោយរួមមានប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់ខ្លះទៀត ។

ដើម្បីឱ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យ គេត្រូវផ្តល់ចំណីឱ្យកូនមាន់ឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យការលូតលាស់របស់វាបានប្រសើរ ម្យ៉ាងទៀតវាអាចជួយធ្វើឱ្យមាន់ឆាប់ធំជាងធម្មតា ។

អ្នកឯកទេសខាងចិញ្ចឹមជ្រូកនៅប្រទេសហ្វីលីពីនបានរំឭកថា មានមនុស្សច្រើនណាស់មានការយល់ច្រឡំថា ដើម្បីចិញ្ចឹមជ្រូកឱ្យធំធាត់ល្អ គេចាំបាច់ត្រូវប្រើប្រាស់ចំណីផលិតពីរោងចក្រ តែការយល់បែបនេះ គឺខុសស្រឡះ ពីព្រោះនៅតំបន់ខ្លះក្នុងប្រទេសហ្វីលីពីន គេមិនអាចរកទិញចំណីជ្រូកផលិតពីរោងចក្របានឡើយ ហេតុនេះអ្នកទាំងនោះបានប្រើប្រាស់រុក្ខជាតិ ដំណាំផ្សេងៗ ធ្វើជាចំណីឱ្យជ្រូក ហើយទទួលបានប្រសិទ្ធភាពដូចគ្នា ។ ចំណីចំបងរបស់ពួកគេ គឺដំឡូងឈើ ស្លឹកដំឡូងត្រូវបានគេកាត់មកហាលថ្ងៃឱ្យស្រពាប់សិនមុនដាក់ឱ្យជ្រូកស៊ី ឬដាក់ត្រាំទឹកមានលាយស្ករកាកអំពៅចំនួន ៣ម៉ោង មុនឱ្យជ្រូកស៊ី ចំពោះមើមដំឡូងវិញ គេកាត់ដំឡូងជាកង់ៗដាក់ត្រាំទឹកស្ករទុកផ្តល់ឱ្យជ្រូកស៊ីបន្ទាប់ពីត្រាំវាបានចំនួនយ៉ាងតិច ១សប្តាហ៍ (ត្រាំឱ្យលិច) ឬយូរជាងនេះ ។

ឯវិធីមួយទៀតនោះ គឺគេកាត់យកស្លឹកដំឡូងត្រួយខ្ចីៗ រួមទាំងមើមដំឡូងដាក់ស្ងោរវាជាមួយគ្នា ដាក់អំបិលបន្តិច ទុកឱ្យត្រជាក់ទើបលាយជាមួយកាកស្ករអំពៅឱ្យជ្រូកស៊ី អាចជំនួសចំណីរោងចក្របានទាំងស្រុង (អ្នកខ្លះថែមម្សៅត្រីចូល និង Premixed) ។

នៅប្រទេសចិន និងប្រទេសវៀតណាម គេប្រើស្លឹកទង និងមើមដំឡូងជ្វាសម្រាប់ការចិញ្ចឹមជ្រូក ដោយដាំវាបណ្តាក់គ្នា ។

រូបមន្តជំនួសចំណីរោងចក្រដែលមានប្រសិទ្ធភាព និងចំណាយតិច :
កន្ទក់-មើម ដំឡូង + ស្លឹក + ម្សៅត្រី + អំបិល + ព្រីម៉ិច + ស្ករកាកអំពៅ
(កន្ទក់-មើម ដំឡូង និងស្លឹក ចំនួន 85% , ម្សៅត្រី ចំនួន 10% , អំបិល ចំនួន 1% , ព្រីម៉ិច ចំនួន 2% , ស្ករកាកអំពៅ ចំនួន 2%) ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

SHARE