រោគសញ្ញាជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន!!

1391

រោគសញ្ញាជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួនហើយគិតថាគ្រាន់តែជាជំងឺធម្មតា

នៅក្នុងសម័យបច្ចុប្បន្ន មិនថាមនុស្សស្ថិតនៅក្នុងវ័យកណ្តាល វ័យចំណាស់ដែលជាវ័យ ដែលមានទំនួលខុសត្រូវនៅក្នុងជីវិត ជីវភាព និងគ្រួសារប្រចាំថ្ងៃប៉ុណ្ណោះទេដែលប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត សូម្បីយុវវ័យបច្ចុប្បន្ន គឺភាគច្រើនពួកគេក៏សុទ្ធតែជួបប្រទះនឹងជំងឺមួយនេះដែរ ដោយសារកត្តាសង្គម កត្តាការសិក្សា និងស្នេហាជាដើម។
ជំងឺធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដែលគេបានដឹងថាវាពាក់ព័ន្ធនឹងបញ្ហាផ្លូវចិត្ត សតិអារម្មណ៍នោះ នឹងធ្វើឱ្យអារម្មណ៍មនុស្សយើងអស់សង្ឃឹម មិនសប្បាយចិត្ត ក្រៀមក្រំ ស្រ្តេស ឯកា មានអារម្មណ៍ថាមិនចង់ត្រេកត្រអាល មិនចាប់អារម្មណ៍ មិនរវល់នឹងរបស់ដែលនៅជុំវិញខ្លួនជាដើម។ ជំងឺមួយនេះនឹងអាចប៉ះពាល់ដល់ គុណភាពជីវិត និងការរស់នៅប្រចាំថ្ងៃរបស់យើងបានផងដែរ។

សញ្ញានៃជំងឺបាក់ទឹកចិត្តដែលអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ ៖

១-ស្រក ឬឡើងទម្ងន់
ជំងឺបាក់ទឹកចិត្តប៉ះពាល់ដល់អ៊័រម៉ូនដែលគ្រប់គ្រងចំណង់អាហារ និងអាចធ្វើឱ្យអ្នកចង់ញ៉ាំច្រើន ឬតិចជាងធម្មតា ។ ស្របពេលគ្នានេះដែរ បញ្ហាដំណេកដែលទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តក៏អាចធ្វើឱ្យមានបញ្ហានេះផងដែរ ដោយសារតែការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ៊័រម៉ូននៃការឃ្លាន និងឆ្អែតដំណើការខុសប្រក្រតី ។

២-អាការឈឺចាប់តាមរាងកាយ
ជួនកាលការឈឺសាច់ដុំ ឬសន្លាក់អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្ត ។ នៅពេលដែលអ្នកលាក់អារម្មណ៍របស់អ្នក ពួកវានឹងសម្តែងចេញមកខាងក្រៅតាមរយៈការឈឺចាប់លើរាងកាយ ។ មិនថាវាជាការឈឺក្បាល ឬឈឺចង្កេះការរំញោចអារម្មណ៍អាចបង្ហាញឱ្យឃើញពីការឈឺចាប់ផ្នែករាងកាយ ។

ក្នុងករណីខ្លះការឈឺចាប់ក៏នាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ ។ ឧទាហរណ៍ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំងនៅពេលដើរ ឬពេលធ្វើការងារផ្ទះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកចិត្តខ្លាំង ។

៣-បញ្ហាប្រព័ន្ធរំលាយអាហារ
ជំងឺបាក់ទឹកចិត្តក៏មានការទាក់ទងយ៉ាងខ្លាំងជាមួយបញ្ហានៃការរំលាយអាហារ ដូចជាការហើមពោះ ទល់លាមក រលាកពោះវៀន និងជំងឺដទៃទៀត ។ លើសពីនេះអ្នកដែលមានជំងឺបាក់ទឹកចិត្តមានទំនោរទទួលទានអាហារដែលមានជាតិស្ករច្រើន បណ្តាលឱ្យមានការរលាកក្នុងខួរក្បាល និងធ្វើឱ្យមានអតុល្យភាពនៃបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀន ។

៤-មានបញ្ហាក្នុងការគេង
ជំងឺបាក់ទឹកចិត្តអាចបណ្តាលឱ្យមានរោគសញ្ញានៃការគេងមិនលក់ជាច្រើនរួមទាំងការពិបាកក្នុងការគេងលក់ គេងភ្ញាក់ច្រើនដង និងងងុយគេងនៅពេលថ្ងៃ ។ការគេងមិនបានលក់ល្អក៏អាចនាំឱ្យមានជំងឺថប់អារម្មណ៍ និងធ្វើឱ្យស្ថានភាពនៃជំងឺបាក់ទឹកចិត្តរបស់អ្នកកាន់តែយ៉ាប់យ៉ឺន ។

៥-បញ្ហាស្បែក
ជំងឺបាក់ទឹកចិត្តមានការទាក់ទងទៅនឹងការកើនឡើងកម្រិតអ៊័រម៉ូនស្ត្រេស ដូច្នេះវាជារឿងធម្មតាដែលយើងតែងតែឃើញថាបញ្ហាស្បែកច្រើនកើតលើអ្នកដែលមានជំងឺបាក់ទឹកចិត្ត ។ ជំងឺនេះក៏អាចធ្វើឱ្យស្ថានភាពនៃជំងឺស្បែកមួយចំនួនកាន់តែធ្ងន់ដូចជាជំងឺស្បែកឡើងសរសៃក្រហម ជំងឺរបកស្បែក និងមុន ៕

៦-តឹងណែនឈឺដើមទ្រូង
អាការឈឺទ្រូង មនុស្សមួយចំនួនតែងសម្គាល់ថាគឺជារោគសញ្ញានៃបញ្ហាបេះដូង។ ប៉ុន្តែការឈឺទ្រូងក៏ជារោគសញ្ញាមួយនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ ការធ្លាក់ទឹកចិត្តអាចប៉ះពាល់ដល់ចង្វាក់បេះដូង បង្កើនសម្ពាធឈាម បង្កើនអរម៉ូនអាំងស៊ុយលីន ធ្វើឱ្យកូលេស្តេរ៉ូលឡើងខ្ពស់ និងកម្រិតអ័រម៉ូនស្ត្រេសកើនឡើង ដែលទាំងនេះហើយធ្វើឱ្យអ្នកមានបញ្ហាតឹងណែនឈឺចាប់ត្រង់ដើមទ្រូង។ ៧-បញ្ហាសុខភាពមាត់ធ្មេញ
ជំងឺធ្លាក់ទឹកចិត្តក៏អាចធ្វើឱ្យអ្នកមានបញ្ហាសុខភាពមាត់ធ្មេញបានដែរ។ នោះក៏ដោយសារតែនៅពេលដែលអ្នកពិបាកចិត្ត គិតច្រើន ធ្វើឱ្យអ្នកធ្វេសប្រហែស និងមិនបានមើលថែទាំសុខភាពមាត់ធ្មេញឱ្យបានត្រឹមត្រូវ៕

SHARE