វិធីធ្វើសាច់គោឆាទឹកប្រេងខ្យងបន្លែពិសេស!

385

គ្រឿងផ្សំទី១៖ សាច់គោ ៣០០ក្រាមហាន់ស្តើងៗល្មម,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ,ម្សៅឆា ១ស្លាបព្រាបាយ,ទឹក ៤ស្លាបព្រាបាយ(គ្រឿងផ្សំសម្រាប់ប្រឡាក់ជាមួយសាច់)។ គ្រឿងផ្សំទី២៖ ប្រេងឆា ២ស្លាបព្រាបាយ,ខ្ទឹមចិញ្ច្រាំ ២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអុីវ ២ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាកាហ្វេ,បន្លែមាន ខ្ទឹមបារាំង ម្ទេសប្លោក និងស្លឹកខ្ទឹម ឬតាមចំណូលចិត្ត។

វិធីធ្វើ៖
១.យកខ្ទឹមបារាំង និងម្ទេសប្លោក ហាន់ជាចំណិតៗ ឬជាដុំតូចៗល្មម(តាមចំណូលចិត្ត) និងស្លឹកខ្ទឹមកាត់ខ្លីៗល្មម រួចទុកមួយអន្លើ

២.យកសាច់គោដាក់ប្រឡាក់ជាមួយទឹកប្រេងខ្យង ប្រេងល្ង ម្សៅឆា និងទឹកច្របល់ចូលគ្នាអោយសព្វល្អទុកចោលប្រហែល ៣០នាទី

៣.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់សាច់ដែលលាយគ្រឿងហើយចូលឆាសាច់អោយឆ្អិនបន្តិច

៤.បន្ទាប់មកដាក់ខ្ទឹមបារាំង និងម្ទេសប្លោកចូល ដាក់ទឹកប្រេងខ្យង ទឹកស៊ីអុីវ និងស្ករសចូលឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE