វិធីធ្វើត្រីបំពងនំបញ្ចុកទឹកអំពិលទុំ ឆ្ងាញ់អស់ទាស់!

1548

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម,អំបិល,គល់ស្លឹកគ្រៃ ១គល់,ស្លឹកក្រូចសើច ២សន្លឹក,ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ,ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស,ម្ទេសហាន់ល្អិតៗ(ដាក់តាមចំណូលចិត្ត),អំពិលទុំ ២ស្លាបព្រាបាយ,ទឹកត្រី ៥ស្លាបព្រាបាយ,ស្ករ ៥ស្លាបព្រាបាយ,អំបិលបន្តិច,ទឹក កន្លះកូនចានចង្កឹះ,ប្រេងសម្រាប់បំពងត្រី,នំបញ្ចុក,បន្លែអន្លក់មានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំស្រុះទឹក) ជីរនំបញ្ចុក។

វិធីធ្វើ៖

១.យកត្រីលាងទឹកច្របាច់អំបិលឱ្យអស់រំអិល ហើយយកគល់ស្លឹកគ្រៃរុំជាមួយស្លឹកក្រូចសើចញាត់ចូលក្នុងពោះត្រី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឱ្យក្តៅ ដាក់ត្រីបំពងឱ្យឆ្អិនក្រៀមល្មម (ប្រើភ្លើងតិចៗល្មម) រួចស្រង់ទុកឱ្យស្រស់ប្រេង។

៣.ធ្វើទឹកអំពិល ដាក់អំពិលទុំត្រាំទឹកច្របាច់ឱ្យចេញសាច់អំពិល រួចស្រង់គ្រាប់ចេញ

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងឱ្យក្រហមបន្តិច រួចដាក់ខ្ទឹមក្រហមចូលឆា ២-៣ត្រលប់ ហើយដាក់ទឹកអំពិលទុំ ស្ករ ទឹកត្រី និងអំបិលឆាចូលគ្នាឱ្យសព្វ ទុកឱ្យពុះរាងខាប់បន្តិចភ្លក្សរសជាតិមើលល្មមតាមចំណូលចិត្ត (រសជាតិប្រៃ ជូរ ផ្អែម)។

៥​.រួចរាល់ហើយរៀបចំអន្លក់ និងនំបញ្ចុកដាក់ចាន យកត្រីដាក់ចាន និងដួសទឹកអំពិលទុំដាក់ចាន ជាការស្រេចហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE