វិធីធ្វើសម្លប្រហើរកូនកាត់ឆ្ងាញ់ៗ!

985

គ្រឿងផ្សំ៖ បង្គា(បកសំបក) ៤០០ក្រាម, បន្លែមាន ល្ពៅ ស្នៀតពោត ននោង ត្រលាច ពោតបារាំង ស្លឹកបាស ផ្សិត ជីរនាងវង…(ដាក់តាមចំណូលចិត្ត), ខ្ទឹមក្រហម ៣-៥ដុំ, ម្រេច ១ស្លាបព្រាកាហ្វេ, កាពិ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹក ៣កូនចានចង្កឹះ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិបុកចូលគ្នាឲ្យសព្វ ទុកមួយឡែក

២.យកល្ពៅ ស្នៀតពោត ននោង ត្រលាច ពោតបារាំង និងផ្សិត ហាន់ជាចំណិត ឬជាដុំៗល្មមតាមចំណូលចិត្ត ហើយនឹងបេះស្លឹកបាសឲ្យស្អាត ទុកមួយឡែក

៣.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចដាក់គ្រឿងដែលបុកហើយចូលរម្ងាស់មួយរំពុះ ហើយដាក់បន្លែទាំងអស់ចូល

៤.បន្ទាប់មកដាក់បង្គាចូលទុករម្ងាស់បន្តិចឲ្យបង្គាឆ្អិន ហើយដាក់ទឹកត្រី និងស្ករសច្របល់ចូលឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។

*នេះជាវិធីធ្វើមួយបែបដែលយើងខ្ញុំបានបង្ហាញប្រាប់ ហើយសម្លប្រហើរកូនកាត់នេះ ក៏មិនខុសពីសម្លប្រហើរយើងធម្មតាប៉ុន្មានដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណូលចិត្ត៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE