វិធីធ្វើឆ្អឹងជំនីបំពងឆាបន្លែជូរអែម!

1010

គ្រឿងផ្សំ៖ ឆ្អឹងជំនីខ្ចី ៣០០ក្រាម(កាប់ជាដុំៗល្មម), ប៉េងប៉ោះ ម្នាស់ ខ្ទឹមបារាំង ម្ទេសប្លោក, ម្សៅបំពង ៥ស្លាបព្រាបាយ, ខ្ទឹមចិញ្រ្ចាំ, ទឹក ១កូនចានចង្កឹះ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹកត្រី ១/២ស្លាបព្រាបាយ, អំបិលបន្តិច, ស្ករស ១/២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៩ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖

១.យកបន្លែប៉េងប៉ោះ ម្នាស់ ខ្ទឹមបារាំង និងម្ទេសប្លោក ហាន់ជាចំណិតៗ ឬជាដុំៗល្មម(តាមចំណូលចិត្ត) ហើយទុកមួយឡែក

២.យកម្សៅបំពងលាយជាមួយទឹកបន្តិចឲ្យខាប់ៗល្មម រួចយកឆ្អឹងជំនីដាក់ប្រឡាក់ជាមួយម្សៅឲ្យសព្វ ហើយយកដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកមួយឡែក

៣​.យកទឹកដាក់លាយជាមួយម្សៅឆា ទឹកត្រី អំបិល ស្ករស និងទឹកប៉េងប៉ោះលាយចូលគ្នាកូរឲ្យសព្វ ភ្លក្សមើលរសជាតិជូរផ្អែមប្រៃល្មមស្មើគ្នា

៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បន្លែទាំងអស់ចូល ចាក់គ្រឿងផ្សំហើយលាយហើយចូលឆាច្របល់ជាមួយគ្នាឲ្យបន្លែឆ្អិនបន្តិច ហើយដាក់ឆ្អឹងជំនីបំពងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ទៀត ឆ្អិនហើយដួសដាក់ចានដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE