វិធីប្រឡាក់សាច់គោបំពងជាមួយទឹកជ្រលក់ឆ្ងាញ់!

685
គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់)  ១គីឡូ ជាបន្ទះ ឬជាដុំៗល្មម, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ កន្លះស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ជីរណាហាន់។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហុយ ១ ស្លាបព្រាបាយកន្លះ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ទឹកអំពិលទុំ ១ស្លាបព្រាបាយ, ក្រូចឆ្មារ ១-២ផ្លែ, ខ្ទឹមក្រហម ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ជីរណាហាន់តូចៗ។

វិធីធ្វើ៖

១.យកសាច់គោដាក់លាយជាមួយទឹកត្រី ស្ករ ទឹកប្រេងខ្យង និងម្ទេសហុយប្រឡាក់ចូលគ្នាឲ្យសព្វល្អ រួចដាក់អង្ករលីងចូល ប្រឡាក់ចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូល ដាក់សាច់គោប្រឡាក់ហើយចូលបំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ឲ្យស្រស់ប្រេងទុកមួយឡែក។

៣.ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់កូនចាន

៤.រួចរាល់អស់ហើយរៀបចំសាច់ដាក់ចានរោយជីរណាហាន់ពីលើ ញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ និងបន្លែអន្លក់ទៀតកាន់តែឆ្ងាញ់ (តាមចំណូលចិត្ត)៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

 

SHARE