វិធីធ្វើទឹកសណ្តែកងាយៗ ..!

720

តោះរៀនធ្វើទឹកសណ្តែក មានរសជាតិ ឈ្ងុយឆ្ងាញ់ដោយខ្លួនឯង ម្តងមើល៍! សណ្តែក គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលសំបូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់។ មិនតែប៉ុណ្ណោះ គ្រាប់សណ្តែកក៏មានផ្ទុកនូវអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនរហូតដល់ទៅ ៥៨មុខឯណោះក្នុងគ្រាប់សណ្តែកមួយប្រភេទៗ។


ក្នុងនោះសណ្តែកខៀវ ឬសណ្តែកសៀង ក៏អាចផលិតធ្វើជាភេសជ្ជៈមួយប្រភេទដ៏ឈ្ងុយឆ្ងាញ់ និងមានគុណភាពល្អសម្រាប់ថែរក្សាសុខភាពផងដែរ។ សណ្តែកទាំងពីរប្រភេទនេះ អាចរកទិញបាននៅគ្រប់ទីផ្សារ  និងស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសរបស់យើង។
អ្នកពិតជាធ្លាប់បានញ៉ាំទឹកសណ្តែក រួចមកហើយមែនទេ ប៉ុន្តែគ្រាន់តែមិនទាន់បានដឹងពីរបៀបនៃការធ្វើវា!
មិនពិបាកនោះទេអ្នកក៏អាចធ្វើវាបាននៅផ្ទះដោយខ្លួនឯងដែរ​​  ហើយប្រកបទៅដោយសុវត្ថិភាព និងមានអនាម័យល្អទៀតផង។

ចង់ដឹងថាមានគ្រឿងផ្សំ  និងវិធីធ្វើយ៉ាងណានោះ សូមជួបជាមួយការចែករំលែកបទពិសោធន៍​នៃវិធីធ្វើទឹកសណ្តែកសៀងនេះទាំងអស់គ្នា៖
++ជំហានដំបូងនៃការធ្វើងាយស្រួលដោយយើងគ្រាន់តែ មានគ្រឿងផ្សំ និងសម្ភារៈមួយចំនួន៖


+គ្រឿងផ្សំមានដូចជា៖
-សណ្តែកសៀងកន្លះគីឡូ(អាចយកគ្រាប់សណ្តែកមូល ឬគ្រាប់សណ្តែកកិនក៏បាន)
-ស្ករស១គីឡូក្រាម


-អំបិល១ស្លាបព្រាកាហ្វេ
-ទឹកដោះគោខាប់ ឬខ្ទិះដូង (តាមចំណង់ចំណូលចិត្ត)
-ទឹកស្អាតចំនួន៣លីត្រ
+សម្ភារៈធ្វើមានដូចជា៖ -ម៉ាស៊ីនទឹកក្រឡុក
-ក្រណាត់ស្អាត(ទុកសម្រាប់ច្រោះកាកសណ្តែកចេញ)-ដបទឹកសុទ្ធ ឬដបស្អាតណាមួយ-ឆ្នាំងធំ១។


+តាមបទពិសោធន៍កន្លងមករបស់បងស្រី គាត់បានខ្មែរឡូតយើងថា៖
+វិធីធ្វើ៖
១.ជាដំបូងត្រូវត្រាំសណ្តែកឱ្យរីកជាមុនសិន ដើម្បីងាយស្រួលយកវាកិន ដោយបងស្រីបានបញ្ជាក់ថា ត្រូវប្រើរយៈពេលត្រាំគ្រាប់សណ្តែក ប្រហែលជាពី៣-៤ម៉ោង។បន្ទាប់មកស្រង់គ្រាប់សណ្តែកដែលបានត្រាំនោះ មកលាងសម្អាតយកសំបកចេញ និងកំទេចកំទីនានាឱ្យបានស្អាត។

២.ដួសសណ្តែកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក (ត្រូវចងចាំថានៅក្នុងការក្រឡុកម្តងៗគួរដាក់សណ្តែកទៅក្នុងម៉ាស៊ីនក្រឡុក ក្នុងបរិមាណសមស្របមួយ ដើម្បីកុំឱ្យម៉ាស៊ីនធ្វើការក្រឡុកតឹងតែងខ្លាំងពេក)។ ក្រោយពីម៉ាស៊ីនក្រឡុកម៉ត់ហើយ ត្រូវចាក់វាដាក់ទៅក្នុងក្រណាត់ស្អាត ដែលត្រៀមទុករួចជាស្រេច ដើម្បីច្របាច់យកទឹក និងកាកសណ្តែកចេញពីគ្នា។

៣.ចាក់ទឹកសណ្តែកដែលច្របាច់រួច ដាក់ទៅក្នុងឆ្នាំងហើយចាក់ស្ករស ខ្ទិះដូង និងអំបិលចូលគ្នា កូរឱ្យសព្វរួចដាក់ដាំវាឱ្យពុះ។ (បងស្រីក៏បានបញ្ជាក់ទៀតថា ប្រសិនបើប្រើទឹកដោះគោខាប់ ពេលដាំទឹកសណ្តែកពុះហើយ ចាំចាក់ទឹកដោះគោចូល និងកូរឱ្យសព្វជាការស្រេច)។ ចំណាំ៖ ពេលលើកឆ្នាំងទឹកសណ្តែកដាក់ដាំនៅលើចង្រា្កនបានប្រមាណជា ១០នាទី ត្រូវយកវែកកូរវាម្តងផង ដើម្បីជៀសវាងកុំឱ្យទឹកសណ្តែកឡើងកករ។

៤.បន្ទាប់ពីដាំទឹកសណ្តែកពុះហើយត្រូវលើកវាចុះពីចង្រ្កាន រូចកូរវាឱ្យសព្វម្តងទៀតដើម្បីឱ្យវារលាយបានល្អ។
បន្ទាប់មកអ្នកអាចទទួលទានវាក្តៅអ៊ុនៗក៏បានឬចាក់វាទុកឱ្យត្រជាក់សិន ចាំច្រកចូលក្នុងដបទឹកសុទ្ធក៏បាន។ចុងក្រោយយកវាទៅទុកក្លាសេ្ស ក្នុងធុងទឹកកក ឬ ទូទឹកកកក៏បាន ដើម្បីរក្សាគុណភាពទុកញ៉ាំឱ្យបានយូរ (អ្នកក៏អាចក្លាស្សេវាឱ្យកកខ្លាំងធ្វើជាការ៉េមក៏បាន តាមចំណង់ចំណូលចិត្ត)។

ត្រឹមតែប៉ុណ្ណេះអ្នកក៏ទទួលបាននូវទឹកសណ្តែកសៀងដ៏ឈ្ងុយឆ្ងាញ់ពិសានិងមានអនាម័យខ្ពស់ សម្រាប់ទទួលទានក្នុងក្រុមគ្រួសារអ្នកបានទៅហើយ៕

ប្រភព៖khmerload

SHARE